សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ចាប់​ដំណើរការ

ភ្នំពេញ ប៉ុស្តិ៍

Image

សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ភ្នំពេញ​អគ្គ​នាយក​ក្រុមហ៊ុន Toll Royal​ Railway លោក David Kerr ​បាន​ថ្លែង​ថា សេវា​នេះ​នឹង​ពង្រីក​បន្ត​ទៅ​ដល់​កំពត​នៅ​ចុង​ខែ​កញ្ញា និង​ផ្លូវ​ទៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅ​ចុង​ឆ្នាំ​នេះ។លោក Kerr ​ថ្លែង​ថា រោងចក្រ​ផលិត​ស៊ីម៉ងត៍ Siam Cement ​តម្រូវ​ឲ្យ​ដឹក​ជញ្ជូន​ស៊ីម៉ងត៍​ចំនួន​១​ពាន់​តោន​ក្នុង​មួយ សប្តាហ៍ ហើយ​នឹង​កើន​ឡើង​រហូត​ដល់​២ពាន់​ តោន​ក្នុង​មួយ​សប្តាហ៍។ លោក​បន្ត​ថា​៖ យើង​នឹង​មាន​សមត្ថភាព​ដឹក​ជញ្ជូន​ចំនួន​ពីរ-បី​ពាន់​តោន​ក្នុង​មួយ សប្តាហ៍។

លោក Kerr នឹង​ផ្តល់​តម្លៃ​សម្រាប់​អត្រា​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន Toll Royal ដោយ​លោក​បាន​ថ្លែងថា តម្លៃ​ទាំង​នោះ​នឹង​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជាមួយ​នឹង​តម្លៃ​ដឹក ជញ្ជូន​តាម​ផ្លូវ​ថ្នល់ ហើយ​រថភ្លើង​នីមួយៗ​នឹង​អាច​ដឹក​បាន​ស្មើ​នឹង​ចំនួន​ជាង​៥០​ឡាន កុងតឺន័រ។

លោក​បន្ត​ថា៖ ការ​ដឹក​ច្រើន​ហួស​តាម​រយៈ​ឡាន​កុងតឺន័រ​នឹង​ធ្វើ​ឲ្យ​ផ្លូវ ថ្នល់​ឆាប់​ខូចខាត។ ​ការ​សន្សំ​សំចៃ​សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​លើ​ការ​ជួសជុល ផ្លូវ​ថ្នល់​គឺ​សំខាន់​ណាស់។

លោក​បន្ថែម​ថា សេវា​រថភ្លើង​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ ​ប៉ុន្តែ​ដោយ​សារ​​មាន​ការ​ពន្យារ​ពេល​ពាក់ព័ន្ធ​នឹង​ការ​ស្តារ​ផ្លូវ​ ដែក​ឲ្យ​ប្រសើរ​ឡើង សេវា​រថភ្លើង​ត្រូវ​បាន​ព្យួរ​ដំណើរ​ការ​រហូត​មក​ដល់​ម្សិលមិញ​នេះ ទើប​ដំណើរ​ការ​ឡើង​វិញ​។

ការ​ដឹក​ជញ្ជូន​ដទៃៗ​ទៀត​នឹង​ដំណើរ​ឡើង​ផង​ដែរ​តាម​ផ្លូវ​ដែក​នេះ រួម​មាន​ដូច​ជា​ការ​ដឹក​អំបិល​ពី​កំពត និង​ការ​ដឹក​អង្កាម​ពី​រាជធានី​ភ្នំពេញ​ទៅ​ភាគ​ខាង​ត្បូង​សម្រាប់ ដុត​នៅ​រោង​ចក្រ​ស៊ីម៉ងត៍​នោះ​ជា​ជាង​នាំ​ចូល​ធ្យូង​ថ្ម​។

លោក​បន្ត​ថា រថភ្លើង​ដឹក​ស៊ីម៉ងត៍​នឹង​ដំណើរ​ការ​ជា​រៀង​រាល់​ពីរ ​ឬ​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។

សេវា​ទៅ​ទីក្រុង​កំពត​នឹង​ដំណើរ​ការ​នា​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​កំពុង​រង់ចាំ​ការ​បញ្ចប់​ការងារ​សាង​សង់​ស្ពាន​ឆ្លង កាត់​ជ្រលង​ភ្នំ​នៅ​កំពត​ ហើយ​បន្ទាប់​មក​ទៅ​វាល​រេញ ប្រហែល​៥០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង និង​៥០​គីឡូម៉ែត្រ​ទៀត​ទៅ​ខេត្ត​ព្រះសីហនុ​។ ការងារ​ស្តារ​ផ្តូវ​ដែក​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​។

ខ្សែ​រថភ្លើង​ភាគ​ខាង​ត្បូង​រវាង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ មាន​ផ្លូវ «ផ្លូវ​សម្រាប់​រថភ្លើង​ចៀស​គ្នា​» ចំនួន​៦ ដែល​អាច​ឲ្យ​រថភ្លើង​បើក​ទៅ​មក​មិន​បុក​គ្នា។ពាក់ព័ន្ធ​នឹង​ការងារ​ខ្សែ​រថភ្លើង​ភាគ​ខាង​ជើង​ដែល​ភ្ជាប់​រាជធានី ភ្នំពេញ​ទៅ​ប៉ោយប៉ែត​តាម​ព្រំដែន​ថៃ លោក Kerr បាន​ថ្លែង​ថា កិច្ច​ព្រមព្រៀង​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​នៅ​សប្តាហ៍​នេះ​រវាង កម្ពុជា ​និង​ថៃ​ស្តី​ពី​ការ​សាង​សង់​ឡើង​វិញ​នៃ​ផ្លូវ​រថភ្លើង​៦​គីឡូ ម៉ែត្រ​ក្នុង​ប្រទេស​ថៃ និង​ការ​សាងសង់​ស្ពាន​ផ្លូវ​រថភ្លើង​ព្រំដែន​ថៃ‑កម្ពុជា​។ លោក​បន្ត​ថា​៖ «ខ្សែ​ដែល​បាត់បង់​ប្រវែង​៤៨​គីឡូម៉ែត្រ​ក្នុង​ប្រទេស​កម្ពុជា​គឺ ជិត​បញ្ចប់​ហើយ​ពី​ប៉ោយប៉ែត​ទៅ​ស៊ីសូផុន»។

យោង​តាម​លោក Kerr ​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​បាត់​ដឹង​ប្រវែង​៣២​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង ត្រូវ​បាន​ស្តារ​រួច​ហើយ។​

លោក​បន្ត​ថា៖ «យើង​បាន​ចុះ​ទៅ​ពិនិត្យ​ផ្លូវ​ដែក​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ជាមួយ​នឹង​ការ​ជួសជុល​បន្តិច​បន្តួច វា​បាន​រួច​ហើយ​សម្រាប់​ប្រតិបត្តិការ​រថភ្លើង​នៅ​ក្នុង​រយៈ​ពេល ពីរ-បី​ខែ​ខាង​មុខ៕PS

បញ្ចេញមតិ